ក្រសួងអប់រំ ត្រៀមអនុវត្តគន្លងអប់រំថ្មីនៅមធ្យមសិក្សាទុតិយភូមិ!

ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី «ការត្រៀមអនុវត្តគន្លងអប់រំថ្មីនៅមធ្យមសិក្សាទុតិយភូមិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងនាយកដ្ឋានពាក់ព័ន្ធ នៅទីស្ដីការក្រសួងកាលពីព្រឹកថ្ងៃទី១០ មិថុនា។

គន្លងអប់រំថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្នាក់ទី៧ ដល់ទី៩ សម្រាប់កម្មវិធីអប់រំតម្រង់ទិសការសិក្សា និងអនុវត្តគន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ដែលមានដំណើរការសេដ្ឋកិច្ច។

ក្រសួងអប់រំបានឱ្យដឹងថា ការរៀបចំគន្លងអប់រំនេះ មានគោលបំណងឆ្លើយតបនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយអត្រាសិស្សបោះបង់នៅមធ្យមសិក្សា ជំរុញការចូលរៀននៅឧត្តមសិក្សា ជាពិសេសលើជំនាញស្ទែម និងការបង្កើនអត្រាសិស្សចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលចាំបាច់សម្រាប់ទីផ្សារការងារ។

បច្ចុប្បន្ន ក្រសួងអប់រំបាននិងកំពុងរៀបចំសេចក្តីព្រាង ស្តីពី សេចក្តីណែនាំការតម្រង់ទិស ការអនុវត្តការអប់រំបច្ចេកទេស និងការធ្វើមគ្គុទ្ទេសក៍អាជីព(Career guidance) ដែលនឹងជួយសិស្សក្នុងការសម្រេចចិត្តអំពីអនាគតការសិក្សា និងផែនការអាជីព សម្រាប់សិស្សចាប់ពីថ្នាក់ទី១០ឡើងទៅ។

ក្រសួងអប់រំបន្ថែមថា ការផ្តោតលើសមត្ថភាព និងចំណង់ចំណូលចិត្តរបស់សិស្ស ជាយន្តការចាំបាច់ ដើម្បីដោះស្រាយបញ្ហាខ្វះមូលធនមនុស្សជំនាញផងដែរ

លើសពីនេះ ក្រសួងក៏បានណែនាំឱ្យបន្តការស្រាវជ្រាវ ដើម្បីដឹងពីតម្រូវការជាក់លាក់ និងធនធានចាំបាច់សម្រាប់ដំណើរការគន្លងថ្មីនេះ ដោយបន្តពង្រឹងការផ្សារភ្ជាប់រវាងការបណ្តុះបណ្ដាល និងការអនុវត្តផ្ទាល់ក្នុងឧស្សាហកម្មជាក់ស្តែងផងដែរ៕