ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តបេសកកម្មចុះជួប និងផ្តល់អំណោយជូនវីរកងទ័ពកម្ពុជានៅតាមបន្ទាត់ព្រំដែន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារបានទៅដល់ច្រកព្រំដែនអានសេះ ដើម្បីផ្តល់កម្លាំងចិត្តកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

ការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារ ធ្វើឡើងតាមអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ និងបង្ហាញនូវការគោរពស្រឡាញ់ដល់ទឹកចិត្ត និងវីរភាពរបស់បងៗកងកម្លាំងការពារជាតិរបស់យើង គាំទ្រកងទ័ពជួរមុខកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ។
លោក ឈន់ ភារូ ដែលបានដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ភ្លាមៗបន្ទាប់ពីកម្លាំងទាហានកម្ពុជា និងកម្លាំងឈុតខ្មៅថៃ តឹងសរសៃកដាក់គ្នា នៅច្រកទ្វារអន្តរជាតិអានសេះ ក្នុងខេត្តព្រះវិហារ ក្រោយទាហានឈុតខ្មៅថៃ ចង់យកព្រះ២អង្គមកដាក់នៅព្រំដែន ហើយកម្លាំងទាហានកម្ពុជាហាមឃាត់ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងពេលជួបសំណេះសំណាលជាមួយបងៗកងទ័ព លោក ឈន់ ភារូ បានពាំនាំនូវសារផ្តាំផ្ញើសួរសុខទុក្ខរបស់អ្នកឧកញ៉ាប្រធាន ជូនដល់បងៗកងទ័ព។ ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូ អង់អាចក្លាហានប្រកបដោយវីរៈភាពរបស់នាយ-នាយរង និងពលទាហានទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារមាតុភូមិ ការពារ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕



