អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា នេះ បានទទូចឱ្យរដ្ឋាភិបាលថៃ ប្រញាប់បោសសម្អាតរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះខ្លួនឯងឱ្យជ្រះ ហើយឈប់ទាញកម្ពុជាទៅពាក់ព័ន្ធជាមួយ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ជេរ៉ាយុ ហួងសាប់ ( Jirayu Huangsab) ត្រូវបានសារព័ត៌មានរបស់ថៃស្រង់សម្តីថា ប្រទេសថៃនឹងសហការជាមួយការិយាល័យប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ( UNODC) និងអង្គការលើកលែងទោសអន្តរជាតិដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញពីប្រទេសកម្ពុជា។
ឯកឧត្តម ប៉ែន បូណា បន្តថា ថៃគួរតែបោះបង់ចោលទម្លាប់ដ៏អាក្រក់ក្នុងការទម្លាក់បញ្ហាទៅឱ្យប្រទេសជិតខាងនៅពេលដែលខ្លួនមានរឿងអាស្រូវផ្ទៃក្នុង។ លោកបញ្ជាក់ថា រយៈពេលជាងមួយខែចុងក្រោយនេះ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនដែលបង្កឡើងដោយទាហានថៃ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ មក ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាទទួលរងការលាបពណ៌បង្ខូចបង្កាច់គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរនិងមន្ត្រីថ្នាក់ដឹកនាំថៃ។ អាស្រ័យហេតុនេះ សូមថៃប្រញាប់បញ្ឈប់វប្បធម៌ដ៏អាក្រក់នេះ ហើយយកពេលវេលាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឱ្យបានឆាប់ទើបជាការល្អ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាចេះដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួនតាមរយៈយន្តការប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិតដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយផ្ទាល់និងបានធ្វើការងារយ៉ាងសកម្មនិងអាចគ្រប់គ្រងសភាពការណ៍បាន។
ដូច្នេះ សូមរដ្ឋាភិបាលថៃកុំព្រួយបារម្ភពីកម្ពុជា ខណៈដែលប្រទេសរបស់ខ្លួន គឺជាសំបុកឧក្រិដ្ឋជនតាមអនឡាញ និងសំបុកជួញដូរគ្រឿងញៀនដ៏ធំបំផុតក្នុងតំបន់។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គឺកម្ពុជាទេដែលរងគ្រោះពីបណ្តាញចែកចាយឧក្រិដ្ឋជនតាមអ៊ិនធឺណិត និងចែកចាយគ្រឿងញៀនពីប្រទេសថៃ៕
