សម្តេចតេជោតែងតាំងលោក Dato Sri Prof. Dr. Tahir ជាទីប្រឹក្សា ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា និងជួយកិច្ចការអតីតយុទ្ធជន

សម្តេចតេជោ ហ៊ុន សែន បានសម្រេចក្រាបបង្គំទូលស្នើសុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ  តែងតាំងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ជាទីប្រឹក្សា ដែលនឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីផងដែរ។

ការប្រកាសនេះ ធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Dato Sri Prof. Dr. Tahir ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ 

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត  បានជម្រាបជូនសម្តេចអំពីគោលបំណង និងសកម្មភាពការងារនានារបស់ឯកឧត្តម រួមចំណែកធ្វើឱ្យជីវភាពប្រជាពលរដ្ឋ  មានលក្ខណៈល្អប្រសើរឡើង ដូចឯកឧត្តមបានធ្វើ នៅឥណ្ឌូណេស៊ី និងបណ្តាប្រទេសមួយចំនួនផងដែរ។ 

ក្រៅពីនេះ កិច្ចការមនុស្សធម៌ គឺជាកិច្ចការគ្មានព្រំដែនកំណត់ដែលនៅក្នុងបរិបទនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញអំពីបំណងប្រាថ្នារួមចំណែក និងវិភាគទាននៅកម្ពុជា និងបានគោរពស្នើសុំសម្តេចផ្តល់អនុសាសន៍ និងមគ្គុទេសក៍ដឹកនាំ។ 

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ទទួលយកការតែងតាំងជាទីប្រឹក្សារបស់សម្តេច និងបានចង្អុលបង្ហាញអំពីវិស័យដែលឯកឧត្តមអាចពិចារណារួមចំណែកនៅកម្ពុជា ដូចជាការអភិវឌ្ឍជនបទ និងជាពិសេសការគាំទ្រទៅលើកិច្ចការអតីតយុទ្ធជនកម្ពុជា រួមមានការសាងសង់ផ្ទះ និងអណ្តូងទឹកជាដើម។ 

សម្តេចតេជោ បានរំលឹកអំពីប្រវត្តិនិងការតស៊ូដ៏ជូរចត់របស់សម្តេច ក្នុងនាមជាទាហាន ដែលបានជំរុញសម្តេច ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការអតីតយុទ្ធជននេះ។ 

សម្តេចតេជោបានបញ្ជាក់ថា ជាគុណធម៌ មិនមែនប្រើយុទ្ធជនពេលត្រូវការ ហើយបោះបង់ចោលនោះទេ។ នៅក្នុងន័យនេះ សម្តេចបានស្នើឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ពិនិត្យលទ្ធភាពរៀបចំអភិវឌ្ឍភូមិអតីតយុទ្ធជនមួយ ដើម្បីរួមចំណែកនៅក្នុងបុព្វហេតុនេះផងដែរ៕

ដោយ៖ ផុន លីហ្សា