សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកវិនិយោគជប៉ុនថា សកម្មភាពតាមអំពើចិត្តរបស់ថៃ ធ្វើឱ្យមានភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ

នៅចំពោះមុខ នាយកប្រតិបត្តិ នៃក្រុមហ៊ុន មីនេបៀ ក្នុងជំនួបនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ កក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា សកម្មភាពតាមអំពើចិត្តរបស់ថៃ បាន​ធ្វើឱ្យមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា អំពាវនាវម្តងហើយម្តងទៀតទៅកាន់ភាគីថៃ កុំឱ្យបញ្ហានៅតំបន់ព្រំដែនមួយរីករាលដាលទៅតំបន់ផ្សេង និងពីវិស័យយោធា ទៅវិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍ ប៉ុន្តែថៃមិនត្រឹមតែបានពង្រីកបញ្ហានោះទេ និងថែមទាំងបានគំរាមកម្ពុជា ដូចជា បញ្ហាអគ្គិសនី អ៊ីនធឺណិត និងប្រេង ឧស្ម័ន និងថ្មីៗនេះ បញ្ហាការដើរជាន់មីនរបស់ទាហានខ្លួនថែមទៀតផង។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា ប្រកាន់គោលជំហររួមក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបានស្នើឱ្យក្រុមហ៊ុនពាំនាំទៅកាន់ភាគីថៃ នូវជំហររបស់កម្ពុជា ចំពោះ​ការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ពោលគឺធ្វើយ៉ាងណាឱ្យស្ថានភាពវិលត្រឡប់ទៅរកមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (YOSHIHISA Kainuma) ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន មីនេបៀ បានថ្លែងអំណរគុណសម្តេច ដែលតែងបានជួយជ្រោមជ្រែង និងធ្វើឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ទទួលជោគជ័យក្នុងរយៈពេលជាង១៤ឆ្នាំមកនេះ តាំងពីពេលសម្តេច ធ្វើជានាយករដ្ឋមន្រ្តី ។ ហើយ​ក្រុមហ៊ុន ក៏មាន​គម្រោងបើក​សម្ពោធរោ​ងច​ក្រធំមួយទៀតនៅខេត្តពោធិ៍សាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២៥នេះ ។

លោក ក៏បានលើកឡើងដែរថា ការបិទច្រកព្រំដែនរបស់ថៃ បានជះផលប៉ះពាល់ចំពោះដំណើរការវិនិយោគរបស់ក្រុមហ៊ុន ដូចជាផលលំបាកនៃការដឹកគ្រឿង​ផ្គុំនៃខ្សែច្រវាក់ផលិតកម្មរបស់​ក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម៕

អត្ថបទ៖ ពុទ្ធិកា