ជប៉ុន សម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង) ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ

ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ  (យូនីសេហ្វ)។

រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។

ស្ថានទូតបានឱ្យដឹងថា លោកឯកអគ្គរាជទូត អ៊ូអិណុនិង វរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុន ដែលបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា៕