ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារចំនួន ៤គោលដៅរាប់ពាន់គ្រួសារ រាប់ម៉ឺននាក់ ដែលបានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ បន្តទទួលការផ្គត់ផ្គង់ម្ហូបអាហារពីក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំបញ្ជាផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
គិតត្រឹមថ្ងៃទី១៥ ខែសីហានេះ គឺមានរយៈពេល ២៣ថ្ងៃហើយដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោមសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ដែលទាហានថៃចូលឈ្លានពានកម្ពុជាមក។
ក្រោយកម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់ដើម្បីស្វែងរកព្រំដែនសន្តិភាព មានប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ បានវិលត្រឡប់លំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ៤គោលដៅ គឺវត្តពោធិ៍ ៥០០០ដើម វត្តត្រាវគៀត វត្តបាក់កាំ និងទួលអណ្តែត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមយុវជនបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹក ដោយបំរើម្ហូបឲ្យបងប្អូនប្រជាពលរដ្ឋហូបចុកគ្រប់គ្រាន់ រង់ចាំពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យត្រឡប់ទៅកាន់លំនៅឋានវិញនាពេលដ៏ឆាប់ខាងមុខ៕




