ឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេសចិន ,ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានជួបសន្ទនាពិសាតែជាមួយគ្នា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន។
កិច្ចសន្ទនាពិសាតែរវាងរដ្ឋមន្ត្រីការបរទេសទាំងបីប្រទេស ដែលរៀបចំដោយចិន បានប្រព្រឹត្តទៅប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្តល់នូវវេទិកាស្ថាបនាមួយ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដែលកំពុងតែវិវត្តន៍ រវាងកម្ពុជា និងថៃ។

នៅក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាថ្ងៃទី១៦ សីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ក្នុងកិច្ចសន្ទនាពិសាតែនេះ កម្ពុជាបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ ក្នុងការអនុម័តលក្ខខណ្ឌយោង សម្រាប់ការបង្កើតក្រុមសង្កេតការណ៍អាស៊ាន ដើម្បីអនុញ្ញាតឱ្យក្រុមនេះធ្វើប្រតិបត្តិការបានឆាប់តាមដែលអាចធ្វើទៅបាន ។
ឯកឧត្តម ជុំ សុន្ទរី បន្តថា យន្តការនេះមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវការអនុវត្តយ៉ាង ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ ដែលស្របតាមសេចក្តីសម្រេចក្នុង វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និង ជំរុញការកាត់បន្ថយភាពតានតឹង។ កម្ពុជាថ្លែងអំណរគុណជាពិសេសចំពោះការគាំទ្ររបស់ប្រទេសចិន លើបទឈប់បាញ់ដែលបានឯកភាពដោយកម្ពុជា និងថៃ ក៏ដូចជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការស្តារទំនាក់ទំនងមកកាន់ប្រក្រតីភាព រវាងប្រទេសជិតខាងទាំងពីរដោយសន្តិវិធី។

ទន្ទឹមគ្នា បើតាមឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin)ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅលើបណ្តាញសង្គមក៏បានបង្ហាញពីលទ្ធផលសង្ខេបដែលភាគីចិន កម្ពុជា និងថៃ សម្រេចបានក្នុងកិច្ចសន្ទនាពិសាតែនេះផងដែរ។
ក្នុងនោះ ១. កម្ពុជានិងថៃនឹងខិតខំពង្រឹងទំនាក់ទំនងនិងការផ្លាស់ប្តូរ ស្ដារការប្រាស្រ័យទាក់ទងគ្នាឡើងវិញឱ្យបានឆាប់ និងកសាងបង្កើនការជឿទុកចិត្តគ្នាឡើងវិញទៅវិញទៅមក។
២. ភាគីចិនគាំទ្រកម្ពុជានិងថៃក្នុងការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវកុងសុងស៊ីសដែលសម្រេចបាននៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកម្ពុជា-ថៃនាពេលថ្មីៗនេះ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ស្តារសន្តិភាពនិងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែនឱ្យបានឆាប់រហ័ស និងសម្រេចបានបទឈប់បាញ់ប្រកបដោយនិរន្តរភាព។
៣. ភាគីចិនគាំទ្រអាស៊ានក្នុងការបន្តដើរតួនាទីយ៉ាងសកម្ម ការពារសាមគ្គីរួមរបស់អាស៊ាន។
៤. សង្ឃឹមថាកម្ពុជានិងថៃនឹងបន្តបង្កលក្ខណៈ និងខិតខំស្តារស្ថានភាពឱ្យប្រក្រតីឡើងវិញនៅតំបន់ព្រំដែនឱ្យបានឆាប់ ដើម្បីឆ្លើយតបក្តីរំពឹងទុករបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងព្រំដែន។
និង៥. ភាគីចិន រីករាយបន្តដើរតួនាទីស្ថាបនាស្របតាមតម្រូវការរបស់កម្ពុជានិងថៃ រួមទាំងការគាំទ្រនិងផ្តល់ជំនួយសម្រាប់ការបោសសម្អាតមីននៅតំបន់ដែលបានព្រមព្រៀងគ្នាតាមព្រំដែនកម្ពុជា-ថៃជាដើម៕
អត្ថបទ៖ ពុទ្ធិកា
