គម្រោងប្រព័ន្ធរំដោះនិងពង្វាងទឹកចេញពីភ្នំពេញ សាងសង់សម្រេចបានប្រមាណ៩៧% ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ននេះ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅការដ្ឋានសំណង់ស្ទាក់ទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងស្ថានីយបូមទឹកសាក់សំពៅ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមជម្រាបថា អនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច ស្ថិតក្នុងខេត្តកំពង់ស្ពឺ មានការងារសំខាន់ៗដូចជា ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ និងសំណង់ស្ទាក់ទឹកមួយកន្លែងមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ។ ចំណែក អនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានការងារសំខាន់ៗដូចជា សំណង់ប្រឡាយជើងឯកបីខ្សែប្រវែងប្រមាណ ២៧,៥គីឡូម៉ែត្រ និងសំណង់ស្ថានីយបូមទឹកចំនួនពីរកន្លែងគឺស្ថានីយបូមទឹកអន្លង់គង និងស្ថានីយសាក់សំពៅ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ជាពិសេសលើគុណភាព និងសុវត្ថិភាពការងារ ស្របតាមបទដ្ឋានបច្ចេកទេស ព្រមទាំងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តយ៉ាងសកម្មគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ជំហានទី១ និងទី២ ដែលមានអនុគម្រោងចំនួន ១០ ក្នុងនោះ មានការងារស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង៕