អ្នកនាំពាក្យរាជរដ្ឋាភិបាល បដិសេធព័ត៌មានមិនពិតរបស់ទណ្ឌិត សម រង្ស៊ី ដែលថា សម្តេចតេជោ ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤%នៃក្រុមហ៊ុនថាមពលថៃ

តាមរយៈសេចក្តីប្រកាសបដិសេធ នៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ ពាន់លានដុល្លារតាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃបដិសេធ មិនព្រមលក់ឱ្យ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ គ្មានទំនាក់ទំនងអ្វីជាមួយជនជាតិអាហ្វ្រិកខាងត្បូង ដូចដែលបានលើកឡើងនោះឡើយ ហើយក៏មិនដែលបានទិញភាគហ៊ុនពីក្រុមហ៊ុនណាមួយពីប្រទេសថៃដូចបាន លើកឡើងខាងលើនោះដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ឃើញថា គណនីហ្វេសប៊ុកខាងលើនេះតែងចុះផ្សាយរឿងមិនពិត ប្រឌិត បំផ្លើស បំភ្លៃ ឬចម្លងយកព័ត៌មានមិនពិតផ្សេងៗ ពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់យកមកចុះផ្សាយ ក្នុងចេតនាអាក្រក់ដើម្បីបង្អួចកេរ្តិ៍ឈ្មោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារសម្តេច ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលផ្សេងៗទៀត តាមទម្លាប់ដែលបានធ្វើ កន្លងមកដើម្បីកាច់បំបាក់ប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំ ដែលទទួលបានការគោរពស្រឡាញ់និងគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ និងបានផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ទៀតថា រាល់សកម្មភាពរបស់បុគ្គលរូបនេះដែលបានធ្វើកន្លងមក ជាពិសេសរយៈពេលចុងក្រោយនេះ គឺបានបង្ហាញច្បាស់ពីអំពើក្បត់ជាតិ និងមានចេតនាបំផ្លាញជាតិខ្លួនឯង យ៉ាងចំហរដែលធ្វើឱ្យ​មហាជនទាំងក្នុងនិងក្រៅប្រទេសថ្កោលទោសយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក៏ដោយ ក៏បុគ្គល រូបនេះនៅតែបន្តភាពពិសពុលរបស់ខ្លួន តាមរយៈការផ្សាយព័ត៌មានមិនពិតមានចរិតញុះញង់ បំបែកបំបាក់សាមគ្គីភាពជាតិខ្មែរដោយមិនព្រមកែប្រែឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសរំលេចដែរថា រាជរដ្ឋាភិបាលនៃគណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋខ្មែរ ជាពិសេស ឈរជារបាំងការពារយ៉ាងរឹងមាំ នៅពេលប្រទេសជាតិនិងប្រជាជនជួបការលំបាក។