៦ខែដើមឆ្នាំ មន្រ្តីទទួលពាក្យសុំកែទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋានជិត ២ម៉ឺនច្បាប់

ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទទួលពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈរដ្ឋបាលរាជធានីខេត្ត និងការមកស្នើផ្ទាល់នៅអគ្គនាយកដ្ឋាន បានសរុប ១៩.៦៥៨ច្បាប់។ ក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលពាក្យស្នើសុំដោយផ្ទាល់ចំនួន ១១.៦៩៤ច្បាប់ និងទទួលពាក្យស្នើសុំតាមរយៈរដ្ឋបាលរាជធានី-ខេត្ត ចំនួន ៧.៩៦៤ច្បាប់។ 

ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរម្លឹកថា ក្រសួងមហាផ្ទៃ បានធ្វើយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានចល័តនៅទូទាំងប្រទេសរយៈពេលជាង២ឆ្នាំ នៅឆ្នាំ២០០៤ និងឆ្នាំ២០០៦ ដើម្បីផ្តល់សំបុត្រកំណើតឡើងវិញជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងភាពជោគជ័យនៃការចុះបញ្ជីអត្រានុកូលដ្ឋានក្នុងអំឡុងពេលយុទ្ធនាការ លោកបានឱ្យដឹងថា ការអនុវត្តចុះបញ្ជីនោះ ក៏ជួបបញ្ហាប្រឈមមួយចំនួន គឺកំហុសឆ្គងទិន្នន័យ ជាអាទិ៍ ខុសអក្ខរាវិរុទ្ធលើនាមត្រកូល-នាមខ្លួន ឬខុសថ្ងៃខែឆ្នាំកំណើត ឬខុសទីកន្លែងកំណើត និងប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង។ 

ផ្អែកលើមូលដ្ឋាននៃការអនុវត្ត ការងារកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកអត្តសញ្ញាណកម្មបានកត់សម្គាល់ជារួមថា កំហុសទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋមានលក្ខណៈចម្រុះ និងស្មុគស្មាញ ខណៈកំហុសមួយចំនួនបានកើតឡើងដោយអចេតនា ដោយកង្វះការប្រុងប្រយ័ត្នរបស់មន្ត្រី និងកំហុសមួយចំនួនទៀតបានកើតឡើងដោយបងប្អូនប្រជាពលរដ្ឋផ្តល់ទិន្នន័យមិនត្រឹមត្រូវ។

បើតាមលោកអគ្គនាយក ដើម្បីចៀសបង្កើតកំហុសទិន្នន័យក្នុងបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក៏បានណែនាំដល់ជំនួយការរដ្ឋបាលឃុំ សង្កាត់ ឬស្មៀន និងមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ សង្កាត់ ពិនិត្យផ្ទៀងផ្ទាត់រាល់ទិន្នន័យជាមួយឯកសារភ្ជាប់ឱ្យបានច្បាស់លាស់ និងត្រូវសាកសួរបញ្ជាក់អ្នកស្នើសុំចុះបញ្ជីមុនសម្រេចចុះបញ្ជី និងចេញសំបុត្រអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ។ សម្រាប់ប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំ សូមពិនិត្យរាល់ទិន្នន័យក្នុងបញ្ជីអត្រានុកូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រឹមត្រូវជាមុនសិន។ ក្នុងករណីឃើញមានកំហុសប្រជាពលរដ្ឋត្រូវស្នើសុំមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ កែតម្រូវទិន្នន័យកំហុសភ្លាមៗ៕