សម្តេចធិបតី ហ៊ុន ម៉ាណែត បង្គាប់ឲ្យស្ថាប័នរដ្ឋាភិបាលរិះរកគ្រប់មធ្យោបាយធានានូវការវិលត្រលប់មកវិញនៃកងទ័ពទាំង ១៨នាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួនពីកងទ័ពថៃ គឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់។ 

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ ស្ដីពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះលែង និងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្គាប់ឲ្យស្ថាប័នរដ្ឋាភិបាលរិះរកគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន តាមទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីធានានូវការវិលត្រលប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំង ១៨នាក់នោះ។

សូមបញ្ជាក់ថា ចាប់តាំងពីយោធាថៃចាប់កងកម្លាំងកម្ពុជា១៨នាក់ដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៩ ខែកក្កដា គិតត្រឹមថ្ងៃទី៨នេះ មានរយៈពេល ៤១ថ្ងៃ​ហើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សុខុ​មាលភាពរបស់កងទ័ពដែលត្រូវបានជាប់ឃុំខ្លួន គឺជាបញ្ហានៃសេចក្ដីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់។ ការចូលរួមដោយផ្ទាល់របស់សម្ដេចធិបតី ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការការពារប្រជាជនរបស់ខ្លួន រក្សាអធិបតេយ្យជាតិ និងដោះស្រាយបញ្ហាដោយសន្តិវិធីក្នុងស្មារតីភាពជាអ្នកជិតខាងល្អ និងការជឿទុកចិត្តគ្នាទៅវិញ​ទៅមក ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុវត្តគំនិតផ្ដួចផ្ដើមការទូតយ៉ាងខ្ជាប់ខ្ជួន ដោយលើកឡើងជានិច្ចនូវបញ្ហានេះ ជាមួយដៃគូទ្វេភាគី តំបន់ និងអន្តរជាតិសំខាន់ៗ ក៏ដូចជា ជាមួយបណ្ដាអង្គទូតនៅរាជធានីភ្នំពេញ និងឥស្សរជនបរទេស ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំងប្រេសិតពិសេស សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គរបស់ជប៉ុន ដើម្បីអំពាវនាវឱ្យមានការដោះលែងកងទ័ពកម្ពុជាជាបន្ទាន់ ។

ក្រសួងការបរទេស បានបង្កើនកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយចេញកំណត់ទូតធ្វើបទបង្ហាញអំពីស្ថានការណ៍ដល់បណ្ដាអង្គទូតបរទេស ចូលរួមជាមួយយន្តការអាស៊ាន និងរក្សាកិច្ចសម្រប​សម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសជាមិត្ត និងអង្គការអន្តរជាតិនានា។ កិច្ចខិតខំប្រឹងប្រែងនេះ បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារសិទ្ធិរបស់ប្រជាជនខ្លួន លើការលើកកម្ពស់ការកាត់បន្ថយភាពតានតឹង និងការគោរពគោលការណ៍មនុស្សធម៌អន្តរជាតិ៕