ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ១:៥០នាទីរសៀល ក្នុងខេត្តកោះកុង ប្រទេសកម្ពុជា ។ កិច្ចប្រជុំបានដំណើរការទៅ ដោយមានក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះ ភាគីទាំងពីរ បានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ សីហា ឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជា និងថៃ ក៏បានរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ក្រោមការដឹកនាំប្រជុំរួមគ្នា ដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ។ កិច្ចប្រជុំនេះក៏មានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ។
កិច្ចប្រជុំGBC កាលពីថ្ងៃទី៧ សីហានេះ ប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរ បានឯកភាពគ្នាចំនួន១៣ចំនុច លើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត សំដៅបន្ថយកំដៅភាពតានតឹងតាមបន្ទាត់ព្រំដែន ៕
អត្ថបទ៖ ពុទ្ធិកា