ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែខិតខំសម្របសម្រួលជួយ ដោះស្រាយការលំបាករបស់ប្រជាជនភៀសសឹកពីសង្គ្រាមជាមួយសត្រូវឈ្លានពានទឹកដី គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏អំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាខិតខំយកចិត្តទុកដាក់ចូលរួម បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ក្នុងអំឡុងពេល ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ផងដែរ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកោតសរសើរប្រកបដោយក្តី មោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាត ទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ។ ប៉ុន្តែនៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើចរាចរណ៍តែងកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ និង ការខូចខាតទ្រព្យសម្បត្តិតែងមានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់។
ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ ជែង ក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។
នៅក្នុងសេចក្តីអំពាវនាវរបស់ខ្លួន កាលពីថ្ងៃទី០៧ កញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំនូវវិធានការមួយចំនួនដូចជា៖
១-កុំបើកបរលើសល្បឿនកំណត់។
២-សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។
៣-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។
៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ។
៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។
៦-ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត ជាដើម ។
៧-ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។
៨-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិន ឱ្យផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏សង្ឃឹម និងជឿទុកចិត្តលើស្មារតីប្រុងប្រយ័ត្នរបស់សាធារណជនក្នុងការអនុវត្តសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តី សុខសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះ កុំឱ្យថ្ងៃសប្បាយក្លាយជាថ្ងៃកើតទុក្ខ៕
អត្ថបទ៖ ពុទ្ធិកា