មកស្គាល់ទីតាំងទាំង៦កន្លែង សម្រាប់ឡើងជិះរថយន្តក្រុង ឥតគិតថ្លៃទៅស្រុកកំណើតអំឡុងពេលបុណ្យភ្ជុំបិណ្ឌ

រថយន្តក្រុងចំនួន៥៩៧គ្រឿង នឹងប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត និងនៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ នៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១១ កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងចំណោមរថយន្តក្រុងចំនួន៥៩៧គ្រឿងនេះ សម្រាប់ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS) មានចំនួន ១០០គ្រឿង ។ រីឯរថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ។

ទន្ទឹមគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញពេលវេលាចេញដំណើរ គឺចាប់ពីម៉ោង៦និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក និងមានតាំងចេញដំណើរ មាន៦ទីតាំង រួមមាន ស្ថានីយរថយន្តក្រុងវាលស្បូវ, សា្ថនីយរថយន្តក្រុងចាក់អង្រែលើ,សា្ថនីយរថយន្តក្រុងផ្លូវ២០០៤,ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ,ដីឡូត៍តំបន់OCIC ជ្រោយចង្វារ និងស្ថានីយរថយន្តក្រុងរង្វង់មូលកាំភ្លើងគួចកាណុង។

ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធ ដោយឥតគិតថ្លៃ តាមគោលដៅចេញដំណើរផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ សូមរក្សាតម្លៃដឹកជញ្ជូននៅដដែល កុំដំឡើងថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ៕

អត្ថបទ៖ ពុទ្ធិកា