ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា មិនមានរដ្ឋភាគីណាមួយ អាចលុបចោល MOU2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អនុទិន ចានវីរៈគុល កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានស្នើការធ្វើប្រជាមតិក្នុងស្រុកថៃ ដើម្បីចង់លុបចោលអនុស្សរណៈ MOU ឆ្នាំ២០០០ ដែលថៃនិងកម្ពុជា បានចុះហត្ថលេខា។
តបទៅនឹងចំណុចនេះ ឯកឧត្តម សេង ឌីណា បានគូសបញ្ជាក់ថា យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិស្តីពីសន្ធិសញ្ញា (Customary international law of treaties) និងយុត្តិសាស្ត្រនៃតុលាការអន្តរជាតិ ICJ (សាលដីកាក្នុងសំណុំរឿង Somalia v. Kenya, 2017), កិច្ចព្រមព្រៀងអន្តរជាតិជាលាយលក្ខណ៍អក្សរ ដែលចុះហត្ថលេខារវាងរដ្ឋ និងរដ្ឋ ដោយអនុលោមតាមច្បាប់អន្តរជាតិ គឺជាសន្ធិសញ្ញា បើទោះកិច្ចព្រមព្រៀងនោះត្រូវបានភាគីដាក់ចំណងជើងបែបណាក៏ដោយ។
ឯកឧត្តមបានបន្តថា MOU ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា និងថៃ៖
- ទោះបីមានឈ្មោះជា MOU ប៉ុន្តែជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានតម្លៃដូចសន្ធិសញ្ញា
- ត្រូវបានចុះបញ្ជីនៅអ.ស.ប. និងផ្សព្វផ្សាយជាផ្លូវការដោយអ.ស.ប. ស្របតាមមាត្រា ១០២ នៃធម្មនុញ្ញសហប្រជាជាតិ
- មិនមានកាលបរិច្ឆេទផុតកំណត់
- មិនមានបទប្បញ្ញត្តិចែង ឬបង្កប់ដោយតណ្ហីភាព (Imply) អំពីលទ្ធភាពក្នុងការលុបចោលជាឯកតោភាគី
«ដូច្នេះ MOU2000 ត្រូវមានសុពលភាពរហូតដល់កម្មវត្ថុរបស់វា គឺការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានធ្វើចប់សព្វគ្រប់ ដោយមិនមានរដ្ឋភាគីណាមួយ អាចលុបចោល MOU2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ»។ នេះជាការគូសបញ្ជាក់បន្ថែមពីឯកឧត្តម សេង ឌីងណា៕
