សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បាននិងកំពុងតែឈានទៅរកការធ្វើយ៉ាងណាឱ្យមានដំណោះស្រាយវិលមករកប្រក្រតីភាពឡើងវិញ ដែលជាជំហររបស់កម្ពុជា។ សម្តេចតេជោគូសបញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈានទៅរកដំណោះស្រាយមួយវិលមករកប្រក្រតីឡើងវិញ ដែលប្រទេសទាំងពីរធ្លាប់មានកន្លងមក។
សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យ ប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសម កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។
ជាមួយគ្នានេះសម្តេចតេជោក៏បានអរគុណចំពោះតួនាទីដ៏សកម្មរបស់ម៉ាឡេស៊ីនៅក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសម្តេចតេជោក៏បានអរគុណចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានបំពេញតួនាទីយ៉ាងរហ័ស និងលឿនក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។
ឯកឧត្តមប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ី សង្ឃឹមថា វិវាទព្រំដែនរវាងប្រទេសទាំងពីរ នឹងអាចដោះស្រាយបានដោយសន្តិវិធីខាងមុខ ហើយសង្ឃឹមថា សន្តិភាពនឹងកើតមានឡើងវិញសម្រាប់ប្រទេសទាំងពីរ។
ជាមួយគ្នានេះឯកឧត្តមក៏បានរំលេចដោយសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេសឯកឧត្តមពិតជាមានសំណាងដែលបានធ្វើដំណើរចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ដែលមានភាពធំទូលាយ ដែលបញ្ជាក់ពីភាពរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមក៏បានសរសើរចំពោះការរីកចម្រើននៃទីក្រុងភ្នំពេញ ដែលមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាតែម្តង៕


