កំពង់ផែទេសចរណ៍ខេត្តកំពង់ចាម ជាស្ពានចម្លងលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា កំពង់ផែទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ ខេត្តកំពង់ចាម ពោលគឺជាសក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ និងឱកាសនៃការវិនិយោគឱ្យ កាន់តែច្រើនថែមទៀត ។

ការថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៣ ខែតុលានេះ។ ឯកឧត្តម បានលើកឡើងថា កំពង់ផែនេះនឹងបន្តជួយលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និងសេដ្ឋកិច្ចជាតិផង។

ឯកឧត្តមបន្តថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព បង្កើតកញ្ចប់ទេសចរណ៍ តភ្ជាប់ខេត្តកំពង់ចាម និងបណ្តាខេត្តតាមបណ្តោយដងទន្លេមេគង្គ ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡេីង ។

ឯកឧត្តមអភិបាលខេត្ត បានស្នេីដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ពិសេសបណ្តាខេត្តជុំវិញដងទន្លេមេគង្គ លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស រួមទាំងការជំរុញការផលិត ផលិតផល ទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេចរណ៍ សំដៅជំរុញការនាំចេញ នៅនឹងកន្លែង ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧នេះ៕