នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ២២ឆ្នាំហើយ ដែលរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ត្រូវបានរចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៥)។
មិនខុសពីឆ្នាំមុនៗដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទចំពោះការចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងបានគូសបញ្ជាក់ថាកិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។
តើកូនខ្មែរគ្រប់ៗរូប ត្រូវស្វែងយល់អ្វីខ្លះអំពីរបាំក្បាច់បុរាណមួយនេះ?
របាំ ព្រះ រាជ ទ្រព្យ គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើត ក្នុងអំឡុងស.វទី៣ នៃគ.សករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុមភ្លេងពិណពាទ្យសម័យកាល អាណាចក្រនគរភ្នំ ។ ឈ្មោះរបាំព្រះរាជទ្រព្យ ដែលមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ដែលច្នៃចេញពី របាំក្បាច់បុរាណ
ខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម។
របាំក្បាច់បុរាណខ្មែរប្រភេទនេះ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់ បញ្ជាក់ដោយ ទំនុកច្រៀងនៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទី ប្រគំជូនរបាំនេះផងដែរ។
របាំព្រះរាជទ្រព្យ ដែលជារបាំ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា “ស្ដេចរបាំ” ដែលត្រូវបានទទួលស្គាល់ ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតក វប្បធម៌អរូបីយ តំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។
ប្រជាពលរដ្ឋខ្មែរ បានចាត់ទុក «របាំព្រះរាជទ្រព្យ» ជាទ្រព្យសម្បត្តិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា តែមួយគត់ ដែលបានថែរក្សា អស់រយៈពេលដ៏យូរលង់ណាស់មកហើយ៕


