យោងតាមសេចក្តីថ្លែងការណ៍ នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮ យ៉ាងសុះសាយនូវការពិតថា ចម្ការមីនភាគច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់ សង្គ្រាមស៊ីវិលកម្ពុជារយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅ ឡើយទេ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន។
រាជរដ្ឋាភិបាលកម្ពុជា ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែង ការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខា ដោយមានវត្តមានរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ាន ធ្វើជាសាក្សី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ព្រឹត្តិការណ៍ផ្ទះមីននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យទាហានថៃបីនាក់រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិត ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានលើកឡើងជាមូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួម ខាងលើនេះ រួមទាំងការលុបចោលគម្រោងដោះលែងយោធិនខ្មែរ ១៨រូប ពីការឃុំឃាំងនៅប្រទេសថៃ ដែលភាគីថៃបានប្រកាសថានឹងអនុវត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវ បានចុះហត្ថលេខាជាមួយនិងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបាន គាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ៕

