កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសថៃ បានបើកការវាយប្រហារយ៉ាងព្រៃផ្សៃមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ បណ្តាឲ្យប្រជាជនស៊ីវិលស្លូតត្រង់រងរបួស ៣នាក់ និងស្លាប់ ១នាក់ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជាបន្ទាន់ទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ។
នៅក្នុងញត្តិបន្ទាន់មួយកាលយប់ថ្ងៃទី១២ ខែវិច្ឆិកា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវ និងលើកសំណើមួយចំនួន ដូចខាងក្រោម៖
១. បញ្ឈប់រាល់សកម្មភាពអរិភាពយោធា និងធានាសុវត្ថិភាពរបស់ជនស៊ីវិលកម្ពុជា។
២. ធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងដាក់ទោសចំពោះឧក្រិដ្ឋកម្មនេះ។
៣. ផ្តល់ការថែទាំព្យាបាលជាបន្ទាន់ និងសំណងដល់ជនរងគ្រោះ និងគ្រួសារ។
៤. ពង្រឹងវិធានការបង្ការ និងអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួ។
៥. លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេសពាក់ព័ន្ធនានា។
៦. ចាត់តាំងឱ្យមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃស្ថានភាព និងទប់ស្កាត់ការកើតឡើងវិញ។
៧. ឱ្យប្រទេសថៃដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។
សូមរម្លឹកថា គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃទី១០៧ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕




