នេះគឺជាគ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា ក្នុងសកម្មភាពឈ្លានពានប្រដាប់របស់ខ្លួនមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ វាមិនមែនគ្រាន់តែជាអាវុធនោះទេ ប៉ុន្តែវាជាអន្ទាក់សម្រាប់ជនស៊ីវិល។ គ្រាប់ប្រភេទនេះងាយនឹងផ្ទុះ។ ការប៉ះស្រាលៗ រំញ័រតិចតួច ការចង់ដឹង កាេចង់ឃើញរបស់កុមារ ឧបករណ៍របស់កសិករនៅក្នុងដី មួយណាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ នេះជាការគូសបញ្ជាក់របស់អាជ្ញាធរមីនកម្ពុជា។

លោក ហេង រតនា អគ្គនាយក CMAC បានឲ្យដឹងថា នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកទាហានថៃបន្តបាញ់គ្រាប់បែកចង្កោមប្រភេទ M46 តាមរយៈគ្រាប់កាំភ្លេីងធំ១៥៥មម ចូលបូរណភាពទឹកដីកម្ពុជា ដែលជាទង្វេីរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ ហាមឃាត់ការប្រេីប្រាស់គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរមួយទៅហេីយ បន្ថែមលេីសនេះការបាញ់ប្រហារនេះមកលេីភូមិឋានផ្ទះសំបែងប្រជាពលរដ្ឋ ដែលទង្វេីនេះកាន់តែរំលោភបំពាន់លេីច្បាប់អន្តរជាតិមួយចំនួនបន្ថែមទៀត។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី២៣ ខែធ្នូ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា គ្រាប់ទាំងនេះខ្ចាត់ខ្ចាយពាសពេញដីរបស់យើង កសិដ្ឋានរបស់យើង ព្រៃរបស់យើង ភូមិរបស់យើងហើយនៅទីនោះជាយូរបន្ទាប់ពីការបាញ់ផ្លោងរួច។ មើលមិនឃើញ គ្មានស្លាកស្នាម និងនៅរង់ចាំមនុស្សស សត្វ។ សម្រាប់កសិករកម្ពុជា វាមានន័យថា ជាការភ័យខ្លាចជាប្រចាំថ្ងៃដោយគ្រាន់តែចង់ចិញ្ចឹមគ្រួសាររបស់ ខ្លួន។ សម្រាប់កុមារកម្ពុជា វាគឺជាឃាតកដែលបន្លំខ្លួនជាប្រដាប់លេង ឬជាសំណល់ធម្មតា។
អាជ្ញាធរមីន គូសបញ្ជាក់ថា វាមិនមែនជាការការពារទេ។ វាមិនមែនជាឧបទ្ទវហេតុទេ។ វាគឺជាការគំរាមកំហែងដល់ផ្ទៃដី និងជីវិតរបស់ប្រជាជនកម្ពុជា។
បើតាមអាជ្ញាធរមីន កម្ពុជាស្គាល់អាវុធទាំងនេះ។ យើងធ្លាប់រងទុក្ខពីពួកវាពីមុនមក។ យើងដឹងច្បាស់ពីអ្វីដែលពួកគេធ្វើ ហើយយើងដឹងថាអ្នកណាជាអ្នករងគ្រោះ – ជនស៊ីវិលស្លូតត្រង់ សម្រាប់ឆ្នាំខាងមុខ។ ការប្រើប្រាស់គ្រាប់បែកចង្កោមមិនមែនគ្រាន់តែជាការវាយប្រហារនៅថ្ងៃនេះទេ វាគឺជា ការវាយប្រហារទៅលើអនាគតរបស់ប្រទេសកម្ពុជា។ ពិភពលោកត្រូវតែឃើញរឿងនេះ ហើយមិនត្រូវនៅស្ងៀមឡើយ។
អាជ្ញាធរមីនកម្ពុជាបញ្ជាក់បន្ថែមថា ការដែលថៃប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុល នៅក្នុង ឬនៅជិតតំបន់ស៊ីវិលកម្ពុជា បានធ្វើឱ្យមានផលប៉ះពាល់រយៈពេលវែងដល់ប្រជាជន បំពុលដីជាច្រើនជំនាន់ និងនៅបន្តគំរាមកំហែងទោះបីសង្គ្រាមបានបញ្ចប់។ ការប្រើប្រាស់អាវុធបែបនេះនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ គឺជាទង្វើអមនុស្សធម៌ ខុសច្បាប់ និងចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្ដរជាតិ៕





