លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន ។

ក្នុងជំនួបនេះ លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc. បានថ្លែងអំណរគុណ លោកជំទាវរដ្ឋមន្ត្រី ដែលបានអនុញ្ញាត និងផ្តល់ឱកាសក្រុមហ៊ុន និងគណៈប្រតិភូ បានចូលជួប និងគោរពរាយការណ៍អំពីវឌ្ឍនភាពការងារ។
បន្ថែមលើនេះ លោកអគ្គនាយក បានបញ្ជាក់ថា ក្រុមហ៊ុន បានកំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ហើយបច្ចុប្បន្នស្វាយចន្ទីកម្ពុជា បានចាប់ផ្តើមមានវត្តមានដាក់លក់បណ្តើរៗក្នុងផ្សារ Family Mart ចំនួន ១៦,៣២០ ទីតាំងនៅក្នុងប្រទេសជប៉ុន។
ទន្ទឹមគ្នានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Mirarth Holdings Inc. និងក្រុមហ៊ុនជាដៃគូទាំងអស់ ដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការកែច្នៃ និងនាំចេញស្វាយចន្ទីកម្ពុជាប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ មកកាន់ទីផ្សារជប៉ុន និងទីផ្សារគោលដៅផ្សេងទៀត។

លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងគាំទ្រឲ្យក្រុមហ៊ុនបន្តកែច្នៃផលិតផលសក្តានុពលផ្សេងទៀត ក្រៅពីស្វាយចន្ទី ជាពិសេសផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត (Geographical Indication Products)។
លោកជំទាវរដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះការចុះហត្ថលេខាលើឯកសារ Letter of Intent រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings Inc. និងឯកសារអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Mirarth Holdings Inc. ជាមួយដៃគូចំនួន ៥ ក្នុងការជំរុញការនាំចូល និងចែកចាយស្វាយចន្ទីរកម្ពុជាមកទីផ្សារជប៉ុន នាឱកាសទិវាជាតិកម្ពុជា អមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ៕



