ឯកឧត្តម ហ៊ុន ម៉ានី ៖ ស្នេហាជាតិដ៏រឹងមាំ! ប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់ ពីគ្រប់ទិសទី គាំទ្ររដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន ការពារបូរណភាពទឹកដី

នៅលើបណ្តាញសង្គមនាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីមោទនភាព និងអំណរគុណចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់ ដែលបានចូលរួមដំណើរថ្មើរជើងច្រើនលើសលប់ ដើម្បីបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា« ព្រឹត្តិការណ៍ដំណើរថ្មើរជើងម្សិលមិញនេះ បានបង្ហាញយ៉ាងច្បាស់ពីជម្រៅនៃឆន្ទៈ ទឹកចិត្ត ក្តីស្រឡាញ់ដែលកូនខ្មែរមានសម្រាប់ប្រទេសជាតិយើង»។ 

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា ទោះបីជាការរៀបចំ ផ្សព្វផ្សាយ រយៈពេលត្រឹមតែ២-៣ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែព្រះសង្ឃ ពុកម៉ែបងប្អូនក្នុងរាជធានី និងមកពីបណ្តាខេត្តនានាគ្រប់មជ្ឈដ្ឋាន និងគ្រប់វ័យជាង ១៥ ម៉ឺននាក់បានចូលរួម ដោយបង្ហាញពីជម្រៅនៃទឹកចិត្ត ការគិតគូរ ការព្រួយបារម្ភ ដែលក្តីបារម្ភនេះ សរបញ្ជាក់ពីក្តីស្រឡាញ់ដែលកូនខ្មែរម្នាក់ៗមានសម្រាប់ជាតិយើង។ 

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានមូលមតិ និងមានបំណងប្រាថ្នាតែមួយ គឺចង់ឃើញប្រជាជាតិមានភាពសុខសាន្តតរៀងទៅ ដូច្នេះចំពោះករណីតានតឹងនៅព្រំដែនរវាង កម្ពុជា-ថៃ ស្នើសូមដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមតាមដានស្ថានការណ៍ ហើយត្រូវចូលរួមគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី និងកងកម្លាំងយើងនៅជួរមុខ ដែលខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ រកដំណោះស្រាយដោយសន្តិវិធីលើរាល់បញ្ហា និងត្រៀមខ្លួនជាស្រេច ដើម្បីការពារបូរណភាពដែនដី បើមានភាពចាំបាច់៕

អត្ថបទ​៖​ ផុន​ លីហ្សា