កម្រងចម្រៀង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ចេញដល់ Vol ទី៤ សរុប៤០បទសុទ្ធសឹងតែជាបទចម្រៀងប្រកបដោយអត្ថន័យចាក់ដោត ! 

មកទល់ពេលនេះ ផលិតកម្មចម្រៀង ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលទទួលបានសិទ្ធពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិតកម្រងចម្រៀង« កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » បានចេញជាផ្លូវការដល់ Vol ទី ៤ សរុបប្រមាណ ៤០ បទហើយ ដែលសុទ្ធសឹងតែជាបទចម្រៀងដែលប្រកបដោយអត្ថន័យចាក់ដោត ពេលបានស្តាប់និងទស្សនាហើយធ្វើឱ្យគ្រប់គ្នាស្ទើរតែទប់ទឹកភ្នែកពុំបាន ជាមួយនិងអត្ថន័យព្រមទាំងទឹកដមសំនៀមរបស់តារាចម្រៀង និង អ្នកនិពន្ធដែលផលិតឡើងស៊ីសង្វាក់ទៅតាមវិដេអូ ។ 

បើតាមគម្រោងផលិតកម្មចម្រៀង ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានប្រកាសផុសកម្រង ចម្រៀង« កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ជារៀងរាល់ថ្ងៃរហូតដល់ទៅ ១០០ថ្ងៃពេញ ពីចន្លោះ ៨វ៉ុល ទៅ១០ វ៉ុល ដែលក្នុងមួយវ៉ុលៗមានបទចម្រៀងចំនួន ១០ បទ សរុបប្រហែលចន្លោះពី៨០បទទៅ ១០០ បទ មានទាំងបទលំនាំបទពីដើម និងមេឡូឌីថ្មីប្រហែល២០០បទ ដែលមានការចូលរួមច្រៀងពីតារាចម្រៀងលោក ខេម និងអ្នកនាង ស៊ុន ស្រីពេជ្រ និងអ្នកនិពន្ធបទភ្លេ ទំនុកច្រៀងពីអ្នកល្បីប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។

សម្រាប់បទចម្រៀងរបស់លោក ខេម ដែលមានចំណងជើងថា «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » « ផ្ញើខ្លួនក្នុងវត្ត » និងបទ « ទំហំបេះដូងម៉ែពុក » របស់អ្នកនាង ស៊ុន ស្រីពេជ្រ បានចេញជាផ្លូវការក្នុងវ៉ុលដំបូងកាលពីអំឡុងចុងខែមីនាឆ្នាំ២០២៥ ។ ឈានមកដល់ពេលនេះគឺផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ផលិតកម្រចម្រៀង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ដល់វ៉ុលទី ៤ ហើយ សរុបប្រមាណ៤០បទដែលបានផុសនៅលើផេកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលបទចម្រៀងចុងក្រោយនេះរួមមានបទ « មិនដឹងថ្ងៃត្រូវរៀបការ » « អាពាហ៍ពិពាហ៍កំសត់ » « អនិច្ចាថ្ងៃរៀបការ » និងបទ « រៀបការរួចនាំភរិយាវិលទៅអង្គភាពកោះថ្ម » ជាដើម…។ 

ទាំងការនិពន្ធ និងអត្ថន័យនៃបទចម្រៀងទាំងអស់ផលិតឡើងយ៉ាងសម្រិតសម្រាំង និងស៊ីសង្វាក់ទៅតាមវិដេអូដែលបានផលិត ដែលផលិតឡើងដោយអ្នកនិពន្ធល្បីឈ្មោះប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា មានទាំងបទចម្រៀងចាស់ និពន្ធនិងកែសម្រួលថ្មីបន្ថែម ។ អ្នកទស្សនាជាច្រើនបានសរសើរពីការផលិតកម្របទចម្រៀង« កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » របស់ផលិត ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ 

ក្រៅពីទទួលបានសិទ្ធក្នុងការផលិតកម្រចម្រៀងទាំងនោះរួចរាល់អស់ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ផលិតរក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យបានទូលំទូលាយព្រមទាំងបានប្រគល់ជូនក្រុមការងារ Media របស់ សម្តេចតេជោ ដើម្បីផ្សព្វផ្សាយផងដែរ ៕