រៀបការគូស្នេហ៍ភេទដូចគ្នាបានប៉ុន្មានថ្ងៃ តារាកំប្លែង ឆើតឆាយ ក្តៅចិត្តរឿងថាខ្វះប្រុសការមែនទើបយកស្រីដូចគ្នា !

តារាកំប្លែងនាង ឆើតឆាយ ទើបតែរៀបការបានប៉ុន្មានថ្ងៃប៉ុណ្ណោះជាមួយគូស្នេហ៍ភេទដូចគ្នា តែអ្វីដែលធ្វើឱ្យនាងក្តៅចិត្តនោះគឺមានមតិរិះគន់ជាច្រើនថា នាងខ្វះប្រុសរៀបការមែនទើបយកស្រីដូចគ្នា ? 

តារាកំប្លែង ឆើតឆាយ បានរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងធំដុំនិងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ កាលពីថ្ងៃទី២៦ ខែ មេសា​ឆ្នាំ២០២៥កន្លងមកនេះ ។ ឆើតឆាយ ពិតជារីករាយខ្លាំងណាស់នៅក្នុងថ្ងៃពិសេសរបស់ខ្លួន ។

បន្ទាប់ពីរៀបការបានប៉ុន្មានថ្ងៃ ស្រាប់តែមានមតិរិះគន់មួយចំនួនថា តារាកំប្លែង ឆើតឆាយ ខ្វះប្រុសរៀបការមែនទើបយកស្រីដូចគ្នាបែបនេះ ? គ្រាន់តែឃើញពាក្យសម្តីនេះបានធ្វើឱ្យ ឆើតឆាយ ក្តៅស្លឹកត្រចៀកមិនស្ទើរទេ តែទោះជាយ៉ាងណានាងក៏អរគុណដល់បងប្អូនមួយចំនួនដែលបានជូពរនាងនិងដៃគូក្នុងថ្ងៃពិសេស ។ 

ឆើតឆាយ បានរៀបរាប់ពីទំនាក់ទំនងស្នេហាភេទដូចគ្នារបស់ខ្លួនមុននឹងឈានដល់ថ្ងៃរៀបការថា អ្នកទាំងពីរស្គាល់គ្នា ៤ឆ្នាំហើយ ទើបតែ​សម្រេចចិត្តរៀបការនិងគ្នាជាផ្លូវការនៅក្នុងពេលនេះ បន្ទាប់ពីមើលឃើញថា ដៃគូរបស់ខ្លួនមានលក្ខណៈសម្បត្តិល្អ ទាំងអត្តចរិត ឆ្លាត រហ័សរហួន ហើយមានទំនោរខុសត្រូវខ្ពស់ ។ ថ្វីដ្បិតតែពិធីមង្គលការយើងមានអ្នករិះគន់ និងព្រេបជ្រាយខ្លះ ប៉ុន្តែពួកយើងមិនខ្វល់ឡើយ សំខាន់ពួកយើងស្រឡាញ់គ្នា ចេះផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ។ 

តារាកំប្លែង ឆើតឆាយ និងស្វាមីភេទដូចគ្នារបស់ខ្លួនមានគម្រោងនឹងបង្កើតមុខរបររកស៊ីថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងជីវភាពនៅក្នុងគ្រួសារ សម្រាប់អាជីពកំប្លែង និងសម្តែង ឆើតឆាយ នៅតែបន្តដូចដើម …៕