ដោយសារធុញទ្រាន់និងការតាមសួរនិងវែកញែកខ្លាំងពេក វី ឌីណែត បានបញ្ជាក់ច្បាស់ៗថា ឪពុកខ្លនគឺលោក ហួរ ឡាវី មិនមែនជាម្ចាស់បទចម្រៀង « ឱ្យបងសុំស្រឡាញ់ផង » នោះទេ ។

មួយរយៈពេលចុងក្រោយនេះតារាចម្រៀង វី ឌីណែត មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ ដោយសារមានការតាមសួរនាំនិងវែកញែកខ្លាំងចំពោះរឿងឪពុករបស់ខ្លួនគឺលោក ហួរ ឡាវី ដែលម្នាក់ៗគិតថាបទចម្រៀង « ឱ្យបងសុំស្រឡាញ់ផង » គឺជាបទចម្រៀងដែលនិពន្ធដោយស្នាដៃលោកផ្ទាល់ ។
កញ្ញា វី ឌីណែត បានដឹកដៃឪពុករបស់ខ្លួនបញ្ជាក់ច្បាស់ៗថា ការពិតបទចម្រៀង « ឱ្យបងសុំស្រឡាញ់ផង » មិនមែនជាបទចម្រៀងផ្ទាល់របស់ឪពុកនាងឡើយ កន្លកងមកចេះតែមានការយល់ច្រឡំ ពីព្រោះបទចម្រៀងនេះពេលដែលឪពុកនាងច្រៀង គឺផ្ទុះនិងល្បីខ្លាំង ។ កន្លងមកឪពុកនាងគ្រាន់តែច្រៀងបទចម្រៀងនេះឡើងវិញទៅតាមការស្នើសុំរបស់ផលិតកម្មមួយប៉ុណ្ណោះក្នុងអំឡុងពេលដែលឪពុកនាង បំពេញការងារ ។
វី ឌីណែត ថែមទាំងបាននិយាយថាទៀតថា ចំពោះបទចម្រៀងដែលនិពន្ធ និងច្រៀងដោយឪពុករបស់នាងផ្ទាល់ រួមមានបទ សែនអាល័យ , អាល័យក្លិនអូន , អាណែតមាសបង , ថ្ងៃណាបំភ្លេចអូនបាន និងបទ ដងស្ទឹងស្រែខ្លុង ជាដើម ក្រៅពីនេះគាត់ច្រៀង Cover ពីតារាចម្រៀងពីដើមប៉ុណ្ណោះ …។
ទន្ទឹមនិងការចេញមុខបកស្រាយនូវការពិតនេះ កញ្ញា វី ឌីណែត ក៏ត្រៀមនឹងបង្ហាញការងារថ្មីៗរបស់ខ្លួនជាច្រើនទៀតនៅក្នុងឆ្នាំ ២០២៦នេះ មានទាំងបទចម្រៀងផ្ទាល់ខ្លួននិងគម្រោងការងារជាមួយលោក ហួរ ឡាវី ដែលជាឪពុក ៕




