តើមានរឿងអ្វីកើតឡើងចំពោះតារាសម្តែង ស៊ីន យូប៊ីន បានជាថ្មីៗនេះនាងប្រកាសផ្អាកថតភាពយន្តទៅវិញ ?

ជារៀងរាល់ឆ្នាំតារាសម្តែង ស៊ីន យូប៊ីន តែងតែមានស្នាដៃថ្មីៗជាច្រើនបង្ហាញទស្សនិកជន ដោយឡែកពាក់កណ្តាលឆ្នាំ២០២៥ហើយតារាសម្តែងរូបនេះនៅពុំទាន់មានស្នាដៃថ្មីបង្ហាញទស្សនិកជនទៀត មិនថារឿងដុំ ឬ រឿងភាគ រហូតធ្វើឱ្យទស្សនិកជនមានការងឿឆ្ងល់ជាខ្លាំង ។
ថ្វីដ្បិតតែមិនមានស្នាដៃថ្មីបង្ហាញមហាជន តែ ស៊ីន យូប៊ីន បែរជាលេចមុខខ្លាំងនៅក្នុងការថតស្ពតផ្សាយផលិតផលធំៗទៅវិញ ។ ចំពោះរឿងនេះកញ្ញា ស៊ីន យូប៊ីន បានបញ្ជាក់ប្រាប់ថា នៅក្នុងឆ្នាំ២០២៥នេះនាងពិតជាផ្អាក មិនទទួលភាពយន្តមែន ដោយសារនាងចង់ទុកពេលវេលាដើម្បីធ្វើការងារផ្សេងៗវិញ ជាពិសេសនាងរវល់មើលការងារខុសត្រូវមុខរបររកស៊ីមួយចំនួន ។
ជុំវិញនៃការប្រកាសផ្អាកមិនទទួលថតភាពយន្តថ្មីរបស់កញ្ញា ស៊ីន យូប៊ីន នេះត្រូវបានប្រភពជិតស្និទ្ធជាមួយនាងបង្ហើបប្រាប់ថា កញ្ញា ស៊ីន យូប៊ីន មិនចង់សម្តែងឬថតតួដដែលៗ ទើបនាងប្រកាសផ្អាកថតបែបនេះ តែប្រសិនបើមានសាច់រឿងថ្មី ដែលត្រូវចិត្តនាង នាងនឹងទទួលថតឡើងវិញ ។
កញ្ញា ស៊ីន យូប៊ីន ក៏ត្រៀមនឹងបង្ហាញស្នាដៃធំៗជាមួយនិងការងារថ្មីៗរបស់ខ្លួនជាច្រើន ទាំងការនាំ កម្ពុជា ទៅឆាកអន្តរជាតិដូចជារៀងរាល់ឆ្នាំ ។ សម្រាប់ទស្សនិកជនស្នេហាវិស័យភាពយន្តនៅតែចង់ឃើញស្នាដៃ ស៊ីន យូប៊ីន នៅក្នុងការសម្តែងជាបន្តទៀត ជាក់ស្តែងកន្លងមកស្នាដៃធំៗរបស់នាងជាច្រើនមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ៕


