ពលរដ្ឋជាង៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ ទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យTYDA

ប្រជាពលរដ្ឋប្រមាណជាង ៤០០០នាក់ បានទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ ស្ថិតនៅវិទ្យាល័យព្រះម្លូ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។

មានប្រសាសន៍សំណេះសំណាល មុនពិនិត្យ និង ព្យាបាលជូនប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន និងសម្តចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវានាឱកាសនេះ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា នេះជាលើក៧ហើយសម្រាប់ការដឹកនាំក្រុមគ្រូពេទ្យចុះមកព្យាបាល ជូនប្រជាពលរដ្ឋនៅពោធិ៍សាត់ ហើយក្នុងអាណ្ណត្តិថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ និងជម្រុញវិស័យសុខាភិបាល ផ្នែក ICU ក្នុងការព្យាលជំងឺជូនប្រជាពលរដ្ឋ ទៅដល់ភូមិឃុំ របស់ពួកគាត់។ ជាក់ស្តែងដូចក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានដឹកនាំក្រុមគ្រូពេទ្យជំនាញជាង៤០០នាក់ ចុះមកព្យាបាលជូន លោកយាយ លោកតា អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម។

លោកជំទាវបណ្ឌិត បានបន្ថែមថា ការចុះមកព្យាបាលនាថ្ងៃនេះរួមមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ និងរោគស្រ្តី ជំងឺបេះដូង ជំងឺភ្នែក វះកាត់តូច ជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺសើស្បែក ជំងឺត្រចៀក ច្រមុះ បំពង់ក ថតកាំរស្មី ពិនិត្យឈាម ហើយបើមានអ្នកជំងឺណាមានអាការៈធ្ងន់ធ្ងរ និងបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថមទាំងស្រុងពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពនាឱកាសនេះមានចំនួនសរុប ៤៣៣៦នាក់ ស្មើនឹង ៦៩៩៨ករណី និងបញ្ជូនមកព្យាបាលបន្តចំនួន ៥៨ករណី បានសម្តែងនូវក្តីសប្បាយរីករាយ និងគោរពថ្លែងអំណរគុណជាអនេកចំពោះ លោកជំទាវបណ្ឌិត និងសម្តេចទាំងបី ក្នុងការផ្តល់ឱកាសដ៏វិសេសវិសាល ចុះមកព្យាបាលជំងឺជូនពួកគាត់ ដោយមិនគិតថវិកាអ្វីទាំងអស់ ថែមទាំងយកចិត្តទុក្ខដាក់ក្នុងការព្យាបាលថែមទៀតផង៕