លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់កម្ពុជា ជាកត្តាគន្លឹះដែលផ្តល់ឱកាសឱ្យកាកបាទក្រហមកម្ពុជា ពង្រីកបានភាពម្ចាស់ការ និងសម្រេចបានសមិទ្ធផលជាច្រើន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា សុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់កម្ពុជា ជាកត្តាគន្លឹះ​ដែល​បានផ្តល់​ឱកាសឱ្យកាកបាទក្រហមកម្ពុជា ពង្រីកបានភាពម្ចាស់ការ និងសម្រេចបានសមិទ្ធផលជាច្រើន។ ការគូសបញ្ជាក់លោកជំទាវបណ្ឌិតបែបនេះ បានធ្វើឡើង ក្នុងឱកាសអញ្ជើញ​តំណាងដ៏ខ្ពង់​ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោក​កាក​បាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាព​ធន់នឹងអាកាសធាតុ» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ទៀតថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជា សម្រេចបានទាំងអស់គឺ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមបរិច្ចាគដ៏មានតម្លៃបំផុត ពីសំណាក់សប្បុរសជនទាំងអស់ ដែលមានធម៌សប្បុរស មានក្តីមេត្តា អាណិតអាសូរ និងចែករំលែកក្តីស្រឡាញ់ជាមួយប្រជាពលរដ្ឋងាយរងគ្រោះ តាមរយៈកាកបាទក្រហមកម្ពុជា, ការចូល​រួមផ្សព្វផ្សាយរបស់បណ្តាញព័ត៌មាន, និងការផ្តល់កិច្ចសហការ សម្របសម្រួល និងគាំទ្រនៅគ្រប់ទីកន្លែងពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទរួមមាន កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិផងដែរ។

ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានសូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ តែងតែប្រទាន​នូវព្រះរាជកិច្ចគាំទ្រគ្រប់កា​លៈទេសៈ​ដល់ កាកបាទក្រហមកម្ពុជា។ ជាក់ស្ដែង ព្រះករុណាព្រះមហាក្សត្រ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានប្រោសប្រទាននូវព្រះរាជទ្រព្យ ជារៀងរាល់ខែ និងជារៀងរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗទៀតផងដែរ។ នៅក្នុងឱកាសទិវា ៨ ឧសភា និងខួប ៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥នេះ ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យប្រោសប្រទាន នូវព្រះរាជទ្រព្យ សរុបចំនួន ១០ម៉ឺន ដុល្លារអាម៉េរិក ដល់កាកបាទក្រហមកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ក៏ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែផ្ដល់ការគាំទ្រទាំងស្មារតី សម្ភារៈ និងមូលនិធិ ដែលបានរួមចំណែកក្នុងការជំរុញ​ឱ្យកាកបាទក្រហម​កម្ពុជា អាចបំពេញតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌បានយ៉ាងស័ក្តិសម ហើយជាបន្តបន្ទាប់អាចរួមចំណែកជាមួយរាជរដ្ឋាភិបាល​សម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជឿជាក់ថា ការឧបត្ថម្ភ និងការបន្តគាំទ្រដល់កាកបាទ​ក្រហម​កម្ពុជារបស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាតិ-អន្តរជាតិទាំងអស់ នឹងធ្វើអោយកាកបាទក្រហមកម្ពុជាអាចបន្តបេសកកម្ម និងសកម្មភាព របស់ខ្លួនប្រកបដោយ ប្រសិទ្ធ​ភាព និងមាននិរន្តរភាពតទៅមុខទៀត។ ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជា ទាំង២៥ រាជធានី-ខេត្ត នឹងបន្តយកចិត្តទុកដាក់ផ្តល់​សេវាកម្មរបស់ខ្លួនឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀតផងដែរ។