ឆ្នាំនេះ! ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងប្រព្រឹត្តទៅជាផ្លូវការនៅខេត្តកំពង់ឆ្នាំង

ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃនៅទីព្រះស្រែ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង  ចាប់ពីថ្ងៃទី១២-១៣-១៤ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ នឹងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងប្រជារាស្ត្រ ដើម្បីរួមគ្នាថែរក្សានូវព្រះរាជប្បវេណីពីបុរាណរបស់ ព្រះមហាក្សត្រ ឱ្យបានគង់វង្ស។

ព្រះរាជពិធីនេះ ជាព្រះរាជប្បវេណីដ៏មានសារៈសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលព្រះមហាក្សត្រ គ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណកាលរៀងមក។ 

គួរបញ្ជាក់ថា ព្រះរាជពិធីនេះ ប្រព្រឹត្តឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់។

សូមជម្រាបថា កាលពីឆ្នាំ២០២៤ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕