យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅរយៈពេល ១ ខែពេញ ចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និត ជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត។

យុទ្ធនាការនេះ ស្ថិតនៅក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃ មូលនិធិគន្ធបុប្ផាកម្ពុជា។

មូលនិធិនឹងរៀបចំ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល ១ ខែពេញ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយ លោកជំទាវបណ្ឌិត នឹងផ្តល់កិត្តិយសអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការនេះ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា យុទ្ធនាការនេះ មិនត្រឹមតែជួយផ្ដល់ប្រយោជន៍ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះបណ្តាលស្មារតីសហការ និងមនុស្សធម៌ក្នុងសង្គមកម្ពុជា និងជាគំរូល្អសម្រាប់សហគមន៍ផ្សេងទៀតក្នុងតំបន់ផងដែរ៕