ក្រសួងព្រះបរមរាជវាំង បដិសេធគណនីFacebook ប្រើដោយជនអនាមិក ហើយបង្ហោះចែកចាយដោយប្រើព្រះបរមនាម របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ក្រសួងព្រះបរមរាជវាំង បានប្រកាសបដិសេធ ចំពោះគណនី Facebook ដែលគ្រប់គ្រងដោយជនអនាមិក ហើយបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប្រើប្រាស់ព្រះនាមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា​ជាតិ​ខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

តាមសេចក្តីថ្លែងការណ៍ របស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ គណនី Facebook ដែលគ្រប់គ្រងដោយជនអនាមិកទាំងនោះ រួមមានៈ ១- Norodom Monineath Sihanouk ,២- Hrh Norodom Monineath Sihanouk និង៣- សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ។

ជាមួយគ្នានេះ ក្រសួងព្រះបរមរាជវាំង បានប្រកាសថា មានតែវេបសាយ(website)ចំនួន ២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការៈ ១- www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង២- www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ក្រៅពីវេបសាយ (website) ផ្លូវការទាំង២នេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ជាផ្លូវការរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំង ឡើយ ។

ក្រសួងព្រះបរមរាជវាំង ក៏អំពាវនាវ និងក្រើនរំលឹកសាជាថ្មីដល់ស្ថាប័នអាជ្ញាធរមានសមត្ថកិច្ច ទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំងខាងលើ តាមរដ្ឋ​ធម្ម​នុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ៖ ពុទ្ធិកា