ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹង មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួន នាថ្មីៗនេះ។
គួររម្លឹកថា កាលពីពេលថ្មីៗនេះ ក្រោមចំណងជើង «ស្ថាប័នស្រាវជ្រាវអាមេរិកសង្ស័យថា ចិនពង្រីកវត្តមានយោធា បន្ទាប់ពីមានសិទ្ធិផ្ដាច់មុខប្រើប្រាស់មូលដ្ឋានទ័ពរាម» វិទ្យុអាស៊ីសេរី (RFA Khmer) បានផ្សាយខ្លឹមសារថា មជ្ឈមណ្ឌលស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបានរកឃើញ យោធាចិនកំពុងមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពរាម ហើយចិនក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើសពីមូលដ្ឋានទ័ពរាម។
ទោះបីជាយ៉ាងណា ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានគូសបញ្ជាក់ថា រាជរដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្នានយោធាដាច់ខាត។
ក្រោយការដាក់ឱ្យដំណើរការប្រើប្រាស់កន្លងមក កម្ពុជាបានអនុញ្ញាតឱ្យនាវាបរទេសចូលមកសំចតជាហូរហែនៅកំពង់ផែសមុទ្ររាម ដែលក្នុងនោះមាននាវាកងទ័ពជប៉ុនត្រូវបានអនុញ្ញាតឱ្យចូលចតមុនគេបង្អស់ បន្ទាប់ពីកំពងផែសមុទ្ររាមត្រូវបានសម្ពោធជាផ្លូវការ បន្ទាប់មកមាននាវាកងទ័ពវៀតណាម នាវាចិនជាដើម។ ពួកគេបានប្រើប្រាស់កំពង់ផែសមុទ្ររាមដោយរីករាយ ដែលនេះជាភស្តុតាងជាក់ស្តែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររាមរបស់កម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសស្វាកមន៍ផងដែរ នូវបណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។
ទោះជាយ៉ាងនេះក្តី រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម ត្រូវតែជូនដំណឹងមកកម្ពុជាដែលជាម្ចាសផ្ទះជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរ ដែលកម្ពុជាសង្ឃឹមថា នៅថ្ងៃខាងមុខ នឹងមាននាវាកងទ័ពប្រទេសជាមិត្តជាបន្តបន្ទាប់ទៀត នឹងចូលចតនៅកំពង់ផែរាមនេះ៕
អត្ថបទ៖ ពុទ្ធិកា
