សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីអន្តរាគមន៍ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផង។ ការណែនាំ របស់បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងធនធានទឹក និងឧត្តុនិយម ត្រូវតាមដានកម្ពស់ទឹកជាប្រចាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមពូជស្រូវដើម្បីចែកជូនកសិករក្នុងការស្តាដំណាំស្រូវឡើងវិញ ក្នុងករណីមានការខូចខាត។
ដោយឡែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាជ្ញាធរអប្សរាជាសេនាធិការត្រូវ សហការជាមួយអាជ្ញាធរខេត្តសៀមរាប សិក្សាឡើងវិញអំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធ ការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិសេស រមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ ក្នុងបរិបទដែលគ្រោះធម្មជាតិដូចជារន្ទះជាដើម កាន់តែមានសភាពខ្លាំងជាងមុន៕