សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យក្រ​សួងសុខាភិបាល ត្រៀមវ៉ាក់​សាំង និងគ្រូពេទ្យ សម្រាប់អន្តរាគ​មន៍​បន្ទាន់ពេល​ជំងឺកូវីដ-១៩ ផ្ទុះឡើងវិញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។ ការណែនាំ របស់បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈដែលនៅកម្ពុជាចាប់ផ្តើមឆ្លងឡើងវិញដែរ។

ជាមួយគ្នានេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏ណែនាំឱ្យក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង១លានដូស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម៕