ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ១១៩ គ្រួសារ ដែលបានជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មុំបី។

ប្រជាពលរដ្ឋនៅភូមិតេជោមរកត និងភូមិសែនតេជៈ ឃុំមរកត បានបង្ខំចិត្តនាំក្រុមគ្រួសារចាកចេញពីផ្ទះសម្បែង ដីស្រែចម្ការ និងមុខរបររកស៊ីរបស់ខ្លួន ដោយសារតែការភ័យខ្លាច និងព្រួយបារម្ភពីការប្រឈមមុខដាក់គ្នា រវាងកងទ័ព ដែលបច្ចុប្បន្នពួកគាត់កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពតាកឹង។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានខិតខំប្រឹងប្រែងធ្វើការជាមួយភាគីមិត្ត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងរក្សាការអត់ធ្មត់ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា ព្រមទាំងធានារក្សាព្រំដែនសន្តិភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្សព្វផ្សាយពីលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងមេបញ្ជាការកងទ័ពជើងគោកថៃ កាលពីថ្ងៃម្សិលមិញនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព។ ឯកឧត្តមបានលើកទឹកចិត្តពួកគាត់ឱ្យត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ដើម្បីមើលថែផ្ទះសម្បែង បង្កបង្កើនផល ប្រកបរបររកស៊ី ហើយកូនៗអាចបន្តការសិក្សាបានជាធម្មតា៕



