ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរំឭកអំពីវីរភាពនិងផ្តល់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិង ប្រជាជន ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន មន្ត្រីរាជការ អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជនរួមជាតិ ដៃគូអភិវឌ្ឍ សមាគម និងអង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន សូមចូលរួមអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ដោយប្រែក្លាយទិវានេះឱ្យទៅជាមហាចលនាសាមគ្គីភាព ជួយឧបត្ថម្ភគាំទ្រទាំងស្មារតីនិង សម្ភារៈ និងផ្សារភ្ជាប់ជាមួយអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ក៏ដូចជាយុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន ដែនកោះ ដើម្បីការពារបូរណភាពទឹកដីមាតុភូមិ។

ក្នុងសារាចរណែនាំកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។ជារៀងរាល់ឆ្នាំ កម្ពុជាតែងតែប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ហើយឆ្នាំនេះគឺជាទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រៅពីការរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះ ក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជនដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់ អាវុធ ជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យសក្តិសមជាសសរទ្រូងនិងជាអ្នកបន្តវេនប្រកបដោយ ឧត្តមគតិ មោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ។

ក្នុងន័យនេះ ដើម្បីគោរពនូវវីរភាពដ៏អង់អាចក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិរបស់អតីតយុទ្ធជន សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញវិធានការណែនាំឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជា រៀបចំកម្មវិធីជាក់ស្តែងរបស់ទិវាអតីតយុទ្ធជនកម្ពុជា និងត្រូវយកចិត្តទុកដាក់ធ្វើការបូកសរុបនិងវាយតម្លៃលទ្ធផល ការងារវិស័យអតីតយុទ្ធជនឆ្នាំ២០២៤ កន្លងទៅ និងកំណត់ទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត។
រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង សមាគមអតីតយុទ្ធជនកម្ពុជានៅរាជធានី ខេត្តនីមួយៗ ដើម្បីរៀបចំពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន ក្នុងឱកាសទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨។ ហើយគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខអតីតយុទ្ធជន នៅតាមមូលដ្ឋាន យុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន ដែនកោះ យុទ្ធជន យុទ្ធនារី ដែល កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ដើម្បីផ្សារភ្ជាប់ មនោសញ្ចេតនានិងលើកទឹកចិត្តដល់អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីទាំងអស់ ៕
អត្ថបទ៖ ពុទ្ធិកា