សម្តេចតេជោ ហ៊ុន សែន បរិច្ចាគដីជាង ១០លានដុល្លារ សម្រាប់សាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រីក្រីក្រមកបន្តការសិក្សានៅរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ដោយសម្រេចចិត្តដ៏មានតម្លៃក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ។

នៅលើបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែនបានឱ្យដឹងថា៖ « បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី សម្តេចបានសម្រេចយកដី ២ហិកតា ដែលទិញតម្លៃជាង១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។

សម្តេចតេជោហ៊ុន សែន រៀបរាប់ថា ការសាងសង់សម្រាប់និស្សិតស្រ្តីស្នាក់នៅចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូចនេះត្រូវកសាងចំនួន ១២០បន្ទប់។

សម្តេចតេជោរំលេចថា គម្រោងនេះត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។

គួរបញ្ជាក់ថា ក្រោយការសាងសង់រួច អន្តេវាសិកដ្ឋាននេះនឹងប្រគល់ជូនជាសម្បត្តិរដ្ឋដែលគ្រប់គ្រងដោយក្រសួងកិច្ចការនារី។

សូមជម្រាបថា អន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្រ្តី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិផងដែរ៕