រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឲ្យពលរដ្ឋបន្តតាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែកុំមានភាពស្លន់ស្លោ!

តាមរយៈបណ្តាញសង្គមនៅថ្ងៃទី០៨ មិថុនានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវឲ្យពលរដ្ឋជឿជាក់និងទុកចិត្តលើថ្នាក់ដឹកនាំជាតិគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃនិងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធី ប្រកប ដោយភាពម៉ឺងម៉ាត់។

ការអំពាវនាវនេះធ្វើឡើង ដោយសារឯកឧត្តម កត់សម្គាល់ឃើញថា នៅតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់, សូមសាធារណជននិងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។

ឯកឧត្តម បានគូសបញ្ជាក់ថា ប្រភពព័ត៌មាន ៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏ឆ្លៀតរំលេចថា ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ជាសសង្គ្រាមជាយថាហេតុ, កម្ពុជាប្រកាន់ជំហរយក«បញ្ហាព្រំដែន» នៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ដើម្បីធានាបាននូវភាពយុត្តិធម៌ ត្រឹមត្រូវ និងមានដំណោះស្រាយជាស្ថាពរ៕