ក្រសួងការពារជាតិ បានចេញសេចក្តីជូនព័ត៌មានមួយដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។

ក្នុងន័យនេះ ក្រសួងការពារជាតិបានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន។
គួរបញ្ជាក់ថា ការពង្រឹងភាពយល់ដឹង និងការយកចិត្តទុកដាក់ក្នុងការទទួលព័ត៌មាន គឺជាកត្តាសំខាន់ក្នុងការរក្សាសុខដុមភាពសង្គម បញ្ចៀសការបង្កសង្គ្រាម ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀសសង្គ្រាមជាយថាហេតុផងដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពរវាងកម្ពុជា.ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ៕

