បណ្ឌិត គិន ភា៖ រឿងតតាំងក្តីជម្លោះព្រំដែនកម្ពុជា-ថៃ នៅ ICJ ត្រូវការភាពស្មោះត្រង់របស់ភាគីថៃ

«ប្រទេសបារាំងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ឯកសារ និងផែនទី ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)»។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅបារាំង នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិក្រោមយន្តការការទូតនិងច្បាប់អន្តរជាតិ គឺជាជម្រើដ៏ល្អបំផុត ដើម្បីធានាបាននូវខ្សែបន្ទាត់ព្រំដែនមួយដែលច្បាស់លាស់ សន្តិភាព ស្ថិរភាព និងមិត្តភាព។ លោកបណ្ឌិតបន្តថា ប្រទេសបារាំងជាប្រភពឯកសារនិងផែនទីផ្លូវច្បាប់ដ៏សំខាន់បំផុតទាក់ទងនឹងព្រំដែនរវាងកម្ពុជានិងថៃ ព្រោះបារាំងជាម្ចាស់អាណានិគមលើប្រទេសកម្ពុជាជិតមួយសតវត្សរ៍។

យ៉ាងណាបើតាមលោកបណ្ឌិត គិន ភា បញ្ហាស្មុគស្មាញនៅពេលនេះ គឺមិនមែនបញ្ហាឯកសារនិងផែនទីដែលទទួលស្គាល់ជាអន្តរជាតិទេ គឺភាពស្មោះត្រង់និង​ការប្តេជ្ញាចិត្តរបស់ភាគីថៃក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធីឱ្យបានឆាប់តាមដែលអាចធ្វើបាន ព្រោះពួកគេនៅតែមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាតទៅទៅទៀតដោយកម្លាំងបាយនិងច្បាប់ព្រៃ។

លោកបណ្ឌិតថ្លែងថា៖ «សម្រាប់កម្ពុជា ក្រៅតែពីការប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធីដោយឈរលើគោលាការណ៍ច្បាប់អន្តរជាតិ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពវិស័យការពារជាតិ សេដ្ឋកិច្ច ការទូត និងព័ត៌មានឱ្យបានរឹងមាំ ទន្ទឹមគ្នានឹងការពង្រឹងសាមគ្គីនិងឯកភាពជាតិក្នុងស្មារតីជាតិខ្មែរតែមួយ។ ការរើសអើង ការស្អប់ខ្ពើម និងការកាប់សម្លាប់គ្នាដោយហេតុផលនិងមនោគមវិជ្ជានយោបាយ ត្រូវតែបញ្ចប់ពីសង្គមយើង»។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «ឈាមខ្មែរយើងហូរច្រើនណាស់ហើយ, ហើយទឹកដីខ្មែរបានរួមតូចណាស់ទៅហើយដែរ បើយើងនៅតែឈ្លោះគ្នា ខ្មែរនឹងរលាយបាត់ពីផែនទីពិភពលោកនៅថ្ងៃណាមួយមិនខានឡើយ»៕

5
Promotion