ដោះស្រាយបាន ៣៩៩ទីតាំងហើយ! រដ្ឋមន្ត្រីរៀបចំដែនដី អរគុណពលរដ្ឋរស់នៅដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបន្តចូលរួមសហការ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអរគុណប្រជាពលរដ្ឋដែលបានបន្តចូលរួមសហការរៀបចំអភិវឌ្ឍន៍កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ។ ឯកឧត្តមបានឱ្យដឹងនៅថ្ងៃទី២៧​ ខែមករានេះថា ក្រសួងរៀបចំដែនដី រដ្ឋបាលខេត្តព្រះសីហនុ និងកំពង់ផែស្វយ័ត ដោះស្រាយបាន ៣៩៩ទីតាំងហើយ។

សូមជម្រាបថា ក្រសួងរៀបចំដែនដី បានដឹកនាំ និងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាសំណង់មិនរៀបរយរបស់ពលរដ្ឋក្នុងតំបន់ទំនប់រលក គោលដៅទីតាំងជាប់កំពុងផែបច្ចុប្បន្ន ដែលស្ថិតនៅក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី ទីតាំងដីនៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តនេះ គឺស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ កន្លងមកក្រុមការងារបានសហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ ចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណពលរដ្ឋដែលកាន់កាប់ដីនិងផ្ទះ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍នេះរួចមកហើយ។

កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយលើដីរបស់កំពង់ផែក្រុងព្រះសីហនុ និងបានអំពាវនាវដល់ពលរដ្ឋចូលរួមសហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំអភិវឌ្ឍន៍កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែស្តង់ដាថ្នាក់តំបន់និងអន្តរជាតិ សម្រួលដល់ការដឹកជញ្ជូនបានងាយស្រួល តម្លៃថោក និងទាក់ទាញវិនិយោគិនមកវិនិយោគកាន់តែច្រើន។

តាមរយៈការដោះស្រាយឈរលើស្មារតីចរចា ស្រុះស្រួល និងយោគយល់គ្នា រវាងភាគីពាក់ព័ន្ធ និងជាគោលការណ៍របស់ក្រសួងក្នុងការដោះស្រាយបញ្ហាសំណង់មិនរៀបរយ គឺជាការរៀបចំក្រុងផង ជាការងារលំនៅឋានផង តាមរយៈការផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពអាចរកលំនៅឋានថ្មី កសាងទ្រនំសុភមង្គលថ្មី និងរៀបចំសោភណភាពទីក្រុង ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើនរបស់ប្រជាជន។ បើតាមឯកឧត្តម សាយ សំអាល់ ក្រុមការងារនឹងរៀបចំផែសហគមន៍នេសាទ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់នានា ដើម្បីពលរដ្ឋរក្សាបាននូវមុខរបរនិងប្រាក់ចំណូល លើកស្ទួយជីវភាពគ្រួសារផងដែរ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំអភិវឌ្ឍន៍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា៣ជំហាន គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដោយប្រើប្រាស់ថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុន។ គម្រោងនេះ ដើម្បីបង្កើនសមត្ថភាពផែកុងតឺន័រ ដែលអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រមានចំណុះផ្ទុករហូតដល់ ១៦០ ០០០DWT (១៥ ០០០TEUs) ចេញ-ចូលដឹកជញ្ជូនពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅអន្តរជាតិ៕

5
Promotion