ស្នាមញញឹមព្រំដែន! ឯកឧត្ដម ស សុខា ចុះជួបសំណេះសំណាល និងប្រគល់អំណោយផ្ទាល់ដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែនកម្ពុជា-ថៃ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា បានចុះជួបសំណេះសំណាល និងប្រគល់អំណោយរបស់ក្រសួងមហាផ្ទៃ ជូនកងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ ។

អំណោយដែលប្រគល់ជូន រួមមានថវិកា ស្បៀងអាហារផ្សេងៗ ដើម្បីគាំទ្រកងកម្លាំងនគរបាលជាតិដែលកំពុងបំពេញភារកិច្ច។ នាឱកាសនោះ កងកម្លាំងដែលទទួលបានរួមមាន៖

-គណៈបញ្ជាការ និងកងកម្លាំងជាច្រើនផ្នែក ទទួលបានថវិកាចាប់ពី ២លាន ដល់ ២០លានរៀល ក្នុងម្នាក់ៗបានថវិកា ២០ម៉ឺនរៀល

-អំណោយផ្សេងៗ រួមមានអង្ករ ត្រីខ កេសមីធំៗ ជាដើម។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ក៏បានឧបត្ថម្ភថវិកាបន្ថែមពីលើអំណោយរបស់ក្រសួងមហាផ្ទៃជូនដល់កងកម្លាំងនៅទីបញ្ជាការផ្សេងៗ ប្រមាណ១២៥លានរៀលផងដែរ។

ក្រៅពីនេះ សម្តេចក្រឡាហោម និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ចំនួន ២០លានរៀល ដល់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មេបញ្ជាការជួរមុខ និងអតីតមេទ័ពខ្មែរក្រហម ចំនួន ២នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១០លានរៀលទៀតផង៕