កម្ពុជា-ថៃ ឯកភាពលើរបៀបវារៈ ៤ ក្នុងកិច្ចប្រជុំ JBC និងបដិសេធផែនទីដែលបង្កជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក!

កម្ពុជា-ថៃ បានពិភាក្សាទាក់ទងនឹងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មការចម្រុះព្រំដែន (JBC) លើកទី៦ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

មុនកិច្ចប្រជុំពេញអង្គ JBC គឺមាន កិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ។

ភាគីកម្ពុជាអះអាងបន្ថែម នៅចំពោះមុខភាគីថៃថា ចាប់ពីពេលនេះតទៅតំបន់ទាំងបួននេះ លែងជាប្រធានបទ ឬកម្មវត្ថុនៃការពិភាក្សា និងដោះស្រាយនៅក្នុងក្របខណ្ឌគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ ទៀតហើយ។

ក្រៅពីនេះ ភាគីកម្ពុជា បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគី ហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគតឡើយ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានបញ្ចប់ការពិភាក្សាទាំងស្រុងលើរបៀបវារៈដែលបានឯកភាពគ្នា និងបានចុះហត្ថលេខាលើកំណត់ហេតុជាផ្លូវការ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ភាគីទាំងពីរឯកភាពគ្នាគ្រោងជួបប្រជុំគ្នាសាជាថ្មី នៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខផងដែរ៕