ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានចេញមកព្រមានទាំងយប់ ឱ្យ លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ «អ្នកជិតខាងល្អ» ខណៈដែលប្រទេសលោក បិទព្រំដែនដោយឯកតោភាគី។

ការព្រមានរបស់អ្នកនាំពាក្យសម្តេចតេជោ បានធ្វើបន្ទាប់ពីឯកឧត្តម Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ បានប្រតិកម្មទៅនឹង ការព្រមានជំរុញឱ្យបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីថៃចូលមកមកម្ពុជា តាមច្រកទាំងអស់ បើថៃមិនបើកច្រកជាប្រក្រតីឡើងវិញ។ អ្នកនាំពាក្យក្រសួងការទេសថៃ បានលើកឡើងថា «អ្នកជិតខាងល្អ មិនគួរធ្វេីអីចឹង»។
ឆ្លើយតបចំពោះការលើកឡើងរបស់ភាគីថៃ,ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងដូច្នេះថា «ពិតជាមិនចេះខ្មាស់មែន! នៅពេលសម្តេចតេជោ ព្រមានបិទការនាំចូលបន្លែ ផ្លែឈេី លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះនិយាយថា អ្នកជិតខាងល្អ មិនគួរធ្វេីអុីចឹង ចុះត្រង់ប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី តេីនេះជាចរិតអ្នកជិតខាងល្អមែនទេ? ចេះបេីកមាត់ទៅរួច? បិទព្រំដែនខ្លួនឯង ហេីយចង់ឲ្យគេចរចា ខ្លាចអន់ ហេីយចង់លេងការទូតខ្សែរលេីគេទៀត»។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ជំហររបស់សម្តេចតេជោ ប្រធានបក្សកាន់អំណាច ជាថ្មីថា «បិទខ្លួនឯង ត្រូវបេីកខ្លួនឯង។ ថ្ងៃមុនព្រមានផ្តាច់ភ្លេីង ខុសម្តងហេីយ នៅមិនចេះប្រយ័ត្នសម្តី!»៕
