គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការពិនិត្យការងារអាទិភាពមួយចំនួន និងបានវាយតម្លៃ ខ្ពស់ចំពោះជោគជ័យនៃការរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២និងទី៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក ប្រកបដោយអត្ថន័យ ក្នុងស្មារតីរួបរួម កិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិជាធំ។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លើកទឹកចិត្តពេញទំហឹង ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកា រដ្ឋសភា ក្នុងការបំពេញបេសកកម្ម ផ្សារភ្ជាប់សុខទុក្ខរវាងកងទ័ពស្នេហាជាតិ ដែលកំពុងឈរជើងការពារទឹកដី តាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ឱ្យបានសស្រាក់សស្រាំក្នុងស្មារតីលះបង់ខ្ពស់ ជាការរួមចំណែករបស់អ្នកនៅជួរក្រោយ បន្តគាំទ្រ និងលើកទឹកចិត្តអ្នកនៅជួរមុខជានិច្ច។

កិច្ចប្រជុំ ក៏បានបានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹង លើយន្តការដោះស្រាយបញ្ហាព្រំដែន របស់ រាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសថៃ ដោយសន្តិវិធី ព្រមទាំងបន្តអនុវត្តយន្តការដែលធ្លាប់ប្រើប្រាស់តាមរយៈ ការចរចា និងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)ជាដើម។
កិច្ចប្រជុំ បានថ្លែងការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះមនសិការស្នេហាជាតិដ៏ស្មោះស មោះមុតខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបាន ផ្តល់អនុសាសន៍ និងចែករំលែកនូវបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជូនដល់រាជរដ្ឋាភិបាលនិងជនរួមជាតិ។