បញ្ចប់ជាផ្លូវការ! បោះបង្គោលព្រំដី ៥៥០ បង្គោលក្នុងខេត្តតាកែវ សម្រាប់គម្រោងព្រែកហ្វូណនតេជោ

ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវរួចរាល់ហើយ នាថ្ងៃទី២៤ ខែមិថុនា នេះ ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនក្រុមការងារអន្តរក្រសួងបានឱ្យដឹងថា ក្រុមការងារអន្តរក្រសួង អាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយទឹកមុខញញឹម បានចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ កាលពីថ្ងៃថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយចំនួនបង្គោលសរុបត្រូវបោះ៥៥០បង្គោល។ 

ក្រៅពីនេះ ក្រុមការងារបច្ចេកទេស បានយកទិន្នន័យទទួលបានរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ហើយក្រុមការងារ នឹងរៀបចំផែនការសកម្មភាពបន្តសម្រាប់ចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបនៅពេលឆាប់ៗខាងមុខ។

ដោយឡែក សម្រាប់កំណាត់ទី១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានប្រវែង ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការងារវាស់វែងក្បាលដី ដែលរងផលប៉ះពាល់រួចរាល់ ព្រមទាំងអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារនេះក្នុងពេលដ៏ខ្លីខាងមុខផងដែរ។

ជាមួយគ្នានេះ បើគ្មានការប្រែប្រួលទេ ដំណើរការពិនិត្យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ គ្រោងនឹងបញ្ចប់នៅបំណាច់ខែកក្កដា ឆ្នាំ២០២៥នេះ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោឆ្លងការខេត្តចំនួន៤ ក្នុងនោះឆ្លងកាត់ខេត្តកណ្តាលប្រវែង ៥៤ គ.ម, ខេត្តតាកែវប្រវែង ៦០គ.ម, ខេត្តកំពតប្រវែង ៤៣គ.ម និងខេត្តកែបប្រវែង ១៧,៥ គ.ម៕