សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែកក្កដានេះ បានទទួលជំនួួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) របស់ធនាគារពិភពលោកសរុបចំនួន ១,២លានដុល្លារ ដើម្បីគាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍របស់ពួកគេ។

កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងនេះ មានទំហំសរុបចំនួន ១,២លានដុល្លារ ក្នុងនោះទឹកប្រាក់ចំនួនជាង៦មុឺនដុល្លារ ជាទុនបំពេញបន្ថែម៤០% សម្រាប់ការធ្វើផលិតកម្មម្ទេស និងថវិកា១,១លានដុល្លារទៀត សម្រាប់រៀបចំជាប្រព័ន្ធស្រោចស្រព ដោយមានការបំពាក់ទុយោមេចែកចាយទឹកដល់ភូមិប៊ុនរ៉ានីសែនជ័យទាំងមូលតែម្តង។
ក្រៅពីនេះ គឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ដែលនឹងបានជាប្រយោជន៍យ៉ាងទូលំទូលាយដល់ការលើកកម្ពស់ជីវភាពរបស់បងប្អូនសម្បទានិកនៅក្នុងតំបន់អភិវឌ្ឍន៍មួយនេះ។
គួរបញ្ជាក់ថា ជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីដែលគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលរួមមានជាសម្រាប់ជាទុនបំពេញបន្ថែម៤០%លើការវិនិយោគរបស់សហគមន៍ និងការគាំទ្រខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ៕
ដោយ៖ ផុន លីហ្សា



