ឯកឧត្តម ហ៊ី សោភា ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៣ឆ្នាំលើកទី១០

ឯកឧត្តម ហុី សោភា បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨) នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បន្តពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ដែលចប់អាណត្តិ។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ  បានអបអរការចូលកាន់តំណែងសមាជិកថ្មី២រូប គឺលោកជំទាវ ខែក កែមាលី ស៊ីសូដា (តែងតាំងដោយព្រះមហាក្សត្រ) និងឯកឧត្តម យូ ប៊ុនឡេង (តែងតាំងដោយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម) ជំនួសឯកឧត្តម អ៊ឹម ឈុនលឹម និងសម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស រីឯឯកឧត្តម យក់ ង៉ុយ ត្រូវបានជ្រើសតាំងសាជាថ្មីដោយសភា។

សេចក្តីប្រកាសព័ត៌មានដដែលឯកឧត្តម ហ៊ី សោភា បានទទួល ត្រាក្រុមប្រឹក្សាធម្មនុញ្ញ និង ញញួរ «ព្រហ្មវិនិច្ឆ័យ» បន្តពីឯកឧត្តម អ៊ឹម ឈុនលឹម សម្រាប់តំណែងជាប្រធានសម្រាប់អណត្តិ៣ឆ្នាំលើកទី១០។

សូមជម្រាបជូនថា ឯកឧត្តម ហ៊ី សោភា កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥៧ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានត្រូវតែងតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចាប់តាំងពីឆ្នាំ២០១៧ និងធ្លាប់ធ្វើប្រធានតុលាការខេត្តកណ្តាល និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ផងដែរ៕